Press Conference About the 3rd National Competition
(ភ្នំពេញ)៖ សាលា i-Kids បានបើកកិច្ចសំណេះសំណាល ស្តីពីចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំកម្មវិធី UCMAS អន្តរជាតិ និង UCMAS កម្ពុជា ជាមួយនឹងការត្រៀមរៀបចំការប្រឡងថ្នាក់ជាតិលើកទី៣ និងការអភិវឌ្ឍន៍លើកម្មវិធី UCMAS ក្នុងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនក្នុងវិស័យអប់រំឲ្យកាន់តែល្អ និងមានគុណភាពទៅលើកុមារតូចៗក្នុងការគិតរហ័ស ដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយឡើយ
កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមជាអធិបតីភាពពីគណៈគ្រប់គ្រងនៃកម្មវិធី UCMAS ដោយលោកសាស្រ្តាចារ្យបណ្ឌិត Dino Wong ស្ថាបនិក និងប្រធាន UCMAS អន្តរជាតិ លោក លី សាឃុន អគ្គនាយក UCMAS ប្រចាំនៅប្រទេសកម្ពុជា, កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅនៃ UCMAS កម្ពុជា, និងលោក Bernard Wong នាយកប្រតិបតិ្តនៃ UCMAS កម្ពុជា។
លោកសាស្រ្តចារ្យបណ្ឌិត Dino Wong ស្ថាបនិក និងប្រធាន UCMAS បានបញ្ជាក់ថា សម្រាប់លោកវិញ គឺលោកបានមកប្រទេសកម្ពុជាបានចំនួន៤ដងហើយ។ លោកបានសង្កេតឃើញថា ចំពោះការសិក្សារបស់សិស្សនៅកម្ពុជា គឺមានការរីកចម្រើនខ្លាំង។ លោកថា សម្រាប់ការប្រឡងថ្នាក់ជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកមានការរំពឹងទុកកូនសិស្សរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អមួយ ដែលអាចនាំយកនូវពានរង្វាន់ និងកិត្តិយសមកឲ្យគ្រួសារ ក៏ដូចជាប្រទេសជាតិផងដែរ។
លោក បឺតណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជា បានថ្លែងថា សម្រាប់កម្មវិធី UCMAS ដែលមានវត្តមាននៅកម្ពុជានេះ គឺពិតជាល្អសម្រាប់កុមារ ដើម្បីបង្កើនសមត្ថភាពទៅលើការគិតលេខបានរហ័ស ហើយសម្រាប់ឆ្នាំនេះ គឺមានការប្រឡងនៅថ្ងៃទី២៣ ខែកញ្ញានេះ ដើម្បីជម្រុះសិស្សនៅក្នុងប្រទេសកម្ពុជា ដែលមានការចូលរួមប្រមាណជាង ២,១១៩នាក់ ដោយជម្រុះយក៥១នាក់ ដើម្បីទៅចូលរួមការប្រឡង នៅប្រម៉ាឡេស៊ីនាពេលចុងឆ្នាំនេះ។
លោកបានបន្តថា សម្រាប់កម្មមវិធី UCMAS នេះដែរ គឺបង្រៀនឲ្យកុមារចេះគ្រប់គ្រងអារម្មណ៍របស់ខ្លូន ដោយមាននូវលោកគ្រូអ្នកគ្រូនៅចាំបង្ហាញ នូវបញ្ហាដែលកើតមានលើកុមារ ដើម្បីឲ្យកុមារផ្ដោតអារម្មណ៍ទៅលើការសិក្សាក្នុងការគិតលេខរហ័ស
សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ UCMAS ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ នៅប្រទេសម៉ាឡេស៊ី និងមានការទទួលស្គាល់ពីក្រសួងអប់រំ ចំនួន ៧៩ ប្រទេសលើពិភពលោកនិងជាប់ក្នុងកំណត់ត្រាពិភពលោកផងដែរ។ បច្ចុប្បន្ន UCMAS ទីតាំងចំនួន ៣៩សាខា ទូទាំងរាជធានីខេត្ត ដោយមានសិស្សានុសិស្សកំពុងសិក្សាចំនួនប្រមាណ១ម៉ឺននាក់៕