សាលា i-Kids រៀបចំកម្មវិធីជួបជុំ សិស្សឆ្នើមជ័យលាភីគិតលេខរហ័ស ទៅដណ្តើមពាននៅម៉ាឡេស៊ី
(ភ្នំពេញ)៖ សាលា i-Kids កម្មវិធី UCMAS បានរៀបចំកម្មវិធីជំនួបសិស្សឆ្នើមជ័យលាភី ប្រឡងថ្នាក់ជាតិលើកទី៣របស់ខ្លួន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ក្នុងគោលបំណងចែកវិញ្ញាបនបត្រ និងបទចែករំលែកស្តីពីវិធីសាស្រ្តសំខាន់ៗ ដែលទាក់ទងនឹងការត្រៀមខ្លួន ដើម្បីទទួលជ័យលាភី ក្នុងការប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ លើកទី២៣ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ។
កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពី កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា កញ្ញា សៀម ចាន់សុភ័ក្រ ប្រធានគ្រូបណ្តុះបណ្តាលកម្មវិធី UCMAS កម្ពុជា ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខាទូទាំងប្រទេស សិស្សឆ្នើមជ័យលាភីប្រឡងថ្នាក់ជាតិលើកទី៣ ក៏ដូចជាអាណាព្យាបាលសិស្សប្រមាណជាង ៣០០នាក់។ ក្នុងឱកាសនោះដែរ កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជាបានធ្វើការសំណេះសំណាលទៅកាន់សិស្សឆ្នើមជ័យលាភី និងអាណាព្យាបាលសិស្សថា៖
“ការប្រឡងថ្នាក់ជាតិលើកទី៣កន្លងផុតទៅជាលទ្ធផលយើងបានរកឃើញសិស្សជ័យលាភី ២៣៩ នាក់ក្នុងនោះមានសិស្សឆ្នើមជ័យលាភី ៥១ នាក់ តំណាងកម្ពុជាមានឪកាសស្វែងយល់ពីបទពិសោធន៍ និងបញ្ចេញសមត្ថភាព ជាមួយនឹងកុមារជាច្រើនមកពី ៧៩ ប្រទេសជុំវិញពិភពលោក។ ក្នុងនាមជានាយិកាគ្រប់គ្រងទូទៅនៃកម្មវិធី UCMAS កម្ពុជាពិតមានអារម្មណ៍រីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អរបស់កុមារ UCMAS កម្ពុជា” ។
ដោយឡែក អ្នកគ្រូ សៀម ចាន់សុភ័ក្រ ក៏បានធ្វើការចែករំលែកវិធីសាស្រ្ត និងគន្លឹះសំខាន់ៗមួយចំនួន ដល់ប្អូនៗសិស្សឆ្នើមថា៖ “ការប្រឡងថ្នាក់អន្តរជាតិលើកទី ២៣ នៅទីក្រុង កួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ត្រូវបានបែងចែកជាបីវិញ្ញាសារ រួមមាន វិញ្ញាសារសរសេរ ស្តាប់ និង មើល។ ដោយវិញ្ញាសារសរសេរមាន ១០ កម្រិតហើយកម្រិតនីមួយៗត្រូវប្រឡងមានរយៈពេល ៨ នាទីលើ ២០០ សំណួរ” ។
#គន្លឹះដើម្បីទទួលបានជ័យលាភីមុនពេលប្រឡង៖
ដូចជាទី១៖ ជ្រើសរើសនូវសម្ភារៈត្រឹមត្រូវ ចង់សំដៅ លើខ្មៅដៃ(B2)ដែលមានគុណភាពខ្ពស់ហើយយ៉ាងហោចណាស់ក៏មាន២ដើមយ៉ាងតិច។
ទី២៖ ការហ្វឹកហាត់ មានន័យថាបេក្ខជនទាំងអស់ទាមទារឱ្យមានការអនុវត្តន៍ទាំងក្នុង នឹងក្រៅសាលាម្តងហើយម្តងទៀត ឱ្យបានច្រើនមុនពេលប្រកួត។
ទី៣៖ ការថែទាំសុខភាពជាសារៈសំខាន់បំផុត
និងទី៤៖ ការលើកទឹកចិត្ត សូមមាតាបិតាលើកទឹកចិត្តដើម្បីកុំឱ្យប្អូនៗមានភាពភ័យខ្លាចក្នុងការចូលរួម៕