UCMAS កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤
រាជធានីភ្នំពេញ៖កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៃកម្មវិធី UCMAS ដែលធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សជាបេក្ខជនឆ្នើមថ្នាក់ជាតិ អន្តរជាតិ ដែលមកពី៤0ប្រទេស ជុំវិញពិភពលោកប្រមាណ ៤,០០០នាក់មកធ្វើការប្រកួតគិតលេខរហ័ស និងត្រឹមត្រូវតាមរយៈវិញ្ញាសាសសេរ និងវិញ្ញាសាស្តាប់ ដើម្បីទទួលបាននូវពានរង្វាន់និងជ័យលាភី ក៏ដូចជាវិញ្ញាបនបត្រកម្រិតថ្នាក់អន្តរជាតិ ដែលបានរៀបចំឡើងដោយសាលា អាយ ឃីដ បានធ្វើឱ្យកម្ពុជាទទួលបាសញ្ញាបត្រ Asia Book of Records តាមរយៈការរៀបចំប្រឡងដែលមានចំនួនបេក្ខជនប្រឡងក្បាច់គិតលេខច្រើនជាងគេបំផុត។
កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី ២៤នៃកម្មវិធី UCMAS នេះបានរៀបចំឡើងនៅបរិវេណ ដឺ ព្រមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិតសាស្ត្រាចារ្យ ឌីណូ វង្ស ស្ថាបនិក និងជាប្រធាន UCMAS អន្តរជាតិ, លោក លី សាឃុន អគ្គនាយកសាលាអាយឃីដ ដែលជាអ្នកទទួលសិទ្ធផ្តាច់មុខកម្មវិធី UCMAS នៅក្នុងប្រទេសកម្ពុជា, កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា ,ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, ឯកឧត្តម ភូ លិ អភិបាលរងខេត្តកំពត, ម្ចាស់អាជ្ញាប័ណ្ណ UCMAS ថ្នាក់ជាតិ និងអន្តរជាតិ, រួមទាំងភ្ញៀវកិត្តិយស អាណាព្យាបាលសិស្សព្រមទាំងសិស្សានុសិស្សប្រមាណ ៨,០០០នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានឱ្យដឹងថា ថាការអប់រំបន្ថែមក្រៅម៉ោងរបស់កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ UCMAS បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់គុណភាព នៃការអប់រំនៅកម្ពុជា ពោលគឺនៅពេលដែលកុមារមានការអភិវឌ្ឍន៍ខួរក្បាលបានល្អ មានការគិតរហ័សរហួន មានមូលដ្ឋានមុខវិជ្ជាគណិតវិទ្យាគ្រប់គ្រាន់ គឺពួកគេអាចចាប់យកនូវការសិក្សាមុខវិជ្ជាផ្សេងៗទៀត បានយ៉ាងងាយស្រួល ជាពិសេសលើការសិក្សាមុខវិជ្ជាទាក់ទងនឹង STEM និង STEAM ដែលជាមូលដ្ឋានគ្រឹះនៃការធ្វើឱ្យសម្រេចបាននូវគោលនយោបាយអភិវឌ្ឍឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ របស់កម្មវិធី UCMAS (យូ ស៊ី ម៉ាស) គឺជាកម្មវិធីប្រឡងលើកដំបូងដ៏ធំជាងគេ ហើយសម្រាប់ប្រទេសកម្ពុជាមិនត្រឹមតែបានធ្វើជាម្ចាស់ផ្ទះនោះទេ ថែមទាំងទទួលបាននូវសញ្ញាបត្រ Asia Book of Records ក្នុងការរៀបចំប្រឡងមានចំនួនបេក្ខជន ២,១០០នាក់ ប្រឡងក្បាច់គិតលេខច្រើនជាងគេបំផុត នៅក្នុងពេលតែមួយ «The Largest Abacus Lesson of 2100 participants» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់បំផុត របស់កម្ពុជាយើង ក្នុងការលើកកម្ពស់មោទនភាពជាតិ និងបង្ហាញនូវអត្តសញ្ញាណនៃវប្បធម៌ អរិយធម៌ និងសក្តានុពលជាតិដល់ពិភពលោកទាំងមូលឱ្យបានដឹង និងស្គាល់ផងដែរ៕